លំពែង គឺជាផ្នែកមួយដ៏សំខាន់នៃប្រព័ន្ធរំលាយអាហាររបស់យើង។ វាមិនត្រឹមតែធ្វើការចាត់ចែង និងបន្សាបចំណីអាហារមានជាតិអាស៊ីតដែលទទួលបានពីក្រពះប៉ុណ្ណោះទេ ប៉ុន្តែអង់ស៊ីមដែលបញ្ចេញដោយលំពែងក៏ជួយក្នុងការរំលាយកាបូអ៊ីដ្រាត ប្រូតេអ៊ីន និងជាតិខ្លាញ់ផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអាហារមួយចំនួនដែលល្អបំផុតសម្រាប់សុខភាពរបស់លំពែង៖
១.រមៀត៖ ជាភ្នាក់ងារប្រឆាំងនឹងការរលាក ព្រមទាំងជួយកាត់បន្ថយការឈឺចាប់ផងដែរ។ លើសពីនេះទៅទៀត រមៀតជួយពន្លឿនផលិតកម្មអាំងស៊ុយលីននៅក្នុងលំពែងដែលគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមទប់ស្កាត់ជំងឺទឹកនោមផ្អែម។
២.ខ្ទឹមស៖ ខ្ទឹមស គឺជាថ្នាំអង់ទីប៊ីយ៉ូទីក ឬថ្នាំផ្សះបែបធម្មជាតិ។ ខ្ទឹមសអាចប្រើបន្ថែមពីលើអាហារផ្សេងជាច្រើន ឬលាយជាមួយទឹកឃ្មុំ ខ្ទឹមបារាំង ទឹកដោះគោ -ល-។ ការទទួលទានខ្ទឹមសជួយបង្កើនប្រព័ន្ធភាពស៊ាំដោយការជួសជុលជាលិកានៃសរីរាង្គខាងក្នុងជាច្រើនរួមទាំងលំពែងផងដែរ។
៣.ស្ពៃខ្មៅ៖ មានផ្ទុកសម្បូរទៅដោយវីតាមីន B និងជាតិដែកដែលលំពែងត្រូវការចាំបាច់។ ជាតិដែកជួយទប់ស្កាត់ការពារការរលាក ខណៈដែលវីតាមីន B ផ្គត់ផ្គង់ចិញ្ចឹមលំពែង។ ការរួមផ្សំគ្នារវាងស្ពៃខ្មៅ និងខ្ទឹមបារាំង ឬខ្ទឹមស គឺកាន់តែប្រសើរសម្រាប់លំពែង។ ស្ពៃខ្មៅក៏មានផ្ទុកភ្នាក់ងារប្រយុទ្ធប្រឆាំងមហារីក MGDG (monogalactosyldiacylglycerol) ដែលអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺមហារីកលំពែង។
៤.ផ្កាខាត់ណាខៀវ៖ ផ្កាខាត់ណាខៀវ និងបន្លែដទៃទៀតដូចជា ស្ពៃក្ដោប ផ្កាខាត់ណា ស្ពៃក្រញាញ់ គឺសុទ្ធតែជាបន្លែដែលមានប្រសិទ្ធិភាពប្រយុទ្ធប្រឆាំងកោសិកាមហារីកនៅក្នុងលំពែង ព្រមទាំងរក្សាសរីរាង្គផ្សេងៗឲ្យជៀសឆ្ងាយពីជំងឺ និងបន្សាបជាតិពុលក្នុងរាងកាយផងដែរ។
៥.ទំពាំងបាយជូរក្រហម៖ ទំពាំងបាយជូរក្រហមមានផ្ទុក resveratrol ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលផងដែរ។ វាជួយកាត់បន្ថយការរលាកក្នុងលំពែង និងបំផ្លាញកោសិកាមហារីកនៃលំពែង។ អ្នកជំនាញណែនាំឲ្យទទួលទានផ្លែទំពាំងបាយជូរក្រហមមួយដងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាការទទួលទានស្រាក្រហមក៏ផ្ដល់អត្ថប្រយោជន៍ដូចគ្នានឹងផ្លែទំពាំងបាយជូរក្រហមស្រស់ដែរ ប៉ុន្តែការទទួលទានផ្លែទំពាំងបាយជូរក្រហមស្រស់តែម្ដង គឺល្អប្រសើរជាង។
៦.ដំឡូងផ្អែម ឬដំឡូវជ្វា៖ តើអ្នកជឿលើទ្រឹស្តីដេលថាប្រសិនបើអាហារណាមួយមានរូបរាងស្រដៀងនឹងសរីរាង្គក្នុងរាងកាយ វានឹងជួយចិញ្ចឹមសរីរាង្គនោះ? ដូចជាគ្រាប់វាល់ណឺតល្អសម្រាប់ខួរក្បាល ឃិនឆាយសម្រាប់ឆ្អឹង ហើយប៉េងប៉ោះសម្រាប់បេះដូង។ ចំណែកឯដំឡូងផ្អែម គឺមានរូបរាង និងពណ៌ស្រដៀងលំពែង។ ទោះជាយ៉ាងណាក៏ដោយ ដំឡូងផ្អែមមានប្រសិទ្ធិភាពកាត់បន្ថយហានិភ័យនៃជំងឺមហារីកលំពែងដល់ទៅ ៥០ភាគរយ។ វាក៏ជួយរក្សាកម្រិតនៃជាតិស្ករក្នុងឈាមផងដែរដោយការបញ្ចេញជាតិស្ករបន្តិចម្តងៗទៅក្នុងចរន្តឈាម។
– ជៀសវាងការទទួលទានជាតិអាល់កុល អាហារកែច្នៃគ្រប់ប្រភេទ និងភេសជ្ជៈមានផ្ទុកជាតិកាបូអ៊ីដ្រាត ក៏ព្រោះកាបូអ៊ីដ្រាតធ្វើការប្រឆាំងនឹងអាំងស៊ុយលីនដែលបញ្ចេញដោយលំពែង។
– ទទួលទានទឹកធម្មតាឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីទប់ស្កាត់ជំងឺផ្សេងៗពាក់ព័ន្ធនឹងលំពែងដូចជា ជំងឺរលាកលំពែងដែលកើតឡើងដោយសារកង្វះជាតិទឹកក្នុងរាងកាយ៕
អត្ថបទ ៖ ប៊ី
ប្រភព ៖ Brightside
No comments:
Post a Comment